ពន្ធតែមប្រិ៍សារពើពន្ធ ត្រូវបានកំណត់ទៅលើ លិខិតគតិយុត្ត និងប័ណ្ណប្រកាស ស្របតាមបទប្បញ្ញត្តិគតិយុត្តិជាធរមាន យោងតាមប្រកាសលេខ ៩៨២ សហវ ប្រក. ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៥ ស្តីពីការអនុវត្តអនុក្រឹត្យលេខ៤០ អនក្រ.បក ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលតារាងពន្ធតែមប្រិ៍សារពើពន្ធ។ ប័ណ្ណប្រកាសអាចជា ស្លាកអាជីវកម្មដ្ឋាន ប័ណ្ណប្រកាស និងបដាពាណិជ្ជកម្ម។ ការខកខានមិនបានអនុវត្តកាតព្វកិច្ចពន្ធតែមប្រិ៍សារពើពន្ធនេះនឹងត្រូវទទួលការពិន័យ។ ប្រាក់ពន្ធគឺអាស្រ័យលើប្រភេទប័ណ្ណប្រកាស ទំហំប័ណ្ណប្រកាស តួអក្សរបរទេសនៃប័ណ្ណប្រកាស ប័ណ្ណប្រកាសចល័ត ឬអចល័ត ពន្លឺ និងទីតាំងនៃប័ណ្ណប្រកាស។ ប័ណ្ណប្រកាសផ្សាយពាណិជ្ជកម្មនៅរាជធានីភ្នំពេញ ត្រូវប្រកាស និងបង់ពន្ធនៅអគ្គនាយកដ្ឋានពន្ធដារ។ ចំពោះស្លាកអាជីវកម្ម ម្ចាស់ប័ណ្ណត្រូវបង់ពន្ធនៅសាខាពន្ធដារ ដែលស្លាកអាជីវកម្មនោះតាំងនៅ។ ប័ណ្ណប្រកាសដែលផ្សព្វផ្សាយនៅតាមបណ្តារខេត្ត ត្រូវប្រកាស និងបង់ពន្ធនៅតាមបណ្តាខេត្តដែលពាក់ព័ន្ធនោះ។ ការប្រកាសបង់ពន្ធចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣១ ខែមីនា នៃឆ្នាំសារពើពន្ធ។ ស្លាកដែលផលិតថ្មីក្រោយថ្ងៃទី៣១ ខែមីនា ត្រូវដាក់លិខិតបង់ពន្ធក្នុងរយៈពេល១៥ថ្ងៃ ក្រោយពីធ្វើការផ្សព្វផ្សាយ។ ចំពោះស្លាកអាជីវកម្មដ្ឋានដែលផលិតថ្មី ៦ខែដើមឆ្នាំ ត្រូវបង់ពន្ធ១០០% និងស្លាកអាជីវកម្មដ្ឋានដែលផលិតថ្មី ៦ខែចុងឆ្នាំ ត្រូវបង់ពន្ធ៥០% ហើយត្រូវដាក់លិខិតប្រកាសបង់ពន្ធ ក្នុងរយៈពេល១៥ថ្ងៃ ក្រោយពីធ្វើការផ្សព្វផ្សាយ។